សន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញផលិតផលសកល (PMI) បន្តធ្លាក់ចុះក្នុងខែមិថុនា ដោយឈានដល់កម្រិតទាបថ្មីចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ដែលបង្ហាញថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែជួបនឹងបញ្ហាប្រឈមខ្លាំង នេះបើយោងតាមទិន្នន័យឧស្សាហកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

លោក Wang Jingwen ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច នៅឯវិទ្យាស្ថានស្រាវជ្រាវធនាគារMinsheng ប្រទេសចិន បាននិយាយថា "សន្ទស្សន៍ PMI នៃផលិតកម្មសកលបានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់ៗគ្នា ហើយនៅតែស្ថិតក្រោមកម្រិត៥០ ដែលបង្ហាញថាសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយសន្ទុះនៃការងើបឡើងវិញមានភាពទន់ខ្សោយ" ។
ក្រុមអ្នកជំនាញនិយាយថា អតិផរណា ជម្លោះភូមិសាស្ត្រនយោបាយ ភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុ និងរបាំងពាណិជ្ជកម្ម បន្តដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចសកល។

យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយដោយវេទិកាសេដ្ឋកិច្ចពិភពលោក ការរំពឹងទុករបស់ក្រុមសេដ្ឋវិទូសម្រាប់សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ គឺលាយឡំគ្នាដោយមានមនុស្ស៤៥ភាគរយគិតថាវិបត្តិសេដ្ឋកិច្ចអាចកើតមាន ខណៈមនុស្ស ៤៥ភាគរយទៀតជឿថាវាមិនទំនងជាអាចកើតឡើងនោះទេ។ នេះមានន័យថាបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង៕