កណ្ដាល៖ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គឺមានតំណាងគណបក្សនយោបាយនានា បានចុះណែនាំពលរដ្ឋនៅតាមខ្នងផ្ទះ អំពីរបៀបគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ ចៀសវាងការគូសខុស ដែលធ្វើឲ្យសន្លឹកឆ្នោតនោះ មិនអាចរាប់យកបាន។
ពលរដ្ឋ នៅតាមបណ្តាសង្កាត់នានា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៦ ខែកក្តដានេះថា សន្លឹកឆ្នោត គឺមានតម្លៃណាស់ សម្រាប់កំណត់ជោគវាសនារបស់ប្រទេសជាតិ ហើយឆ្លងកាត់បោះឆ្នោតច្រើនលើកច្រើនសារមកនេះ គឺពួកគាត់ទាំងអស់គ្នា មានការយល់ដឹងច្បាស់អំពីការងារគូសសន្លឹកឆ្នោត ហើយនឹងគូសឲ្យបានត្រឹមត្រូវបានបំផុតជ្រើសរើសគណបក្សនយោបាយ និងជ្រើសមេដឹកនាំដែលពួកគាត់ស្រឡាញ់ពេញចិត្ត បន្តដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន ។
ទន្ទឹមនេះ ពួកគាត់ សូមប្រឆាំងតបជានិច្ច ចំពោះបុគ្គលណាណែនាំពលរដ្ឋឲ្យគូសសន្លឹកឆ្នោតខុស ធ្វើឲ្យសន្លឹកឆ្នោតមិនអាចយកជាផ្លូវការបាន។
តំណាងក្រុមការងារគណបក្សនយោបាយបានថ្លែងថា ឆ្លងកាត់ការចុះណែនាំពលរដ្ឋនៅតាមខ្នងផ្ទះជាច្រើនថ្ងៃមកនេះ សង្កេតឃើញថា គ្រប់ពលរដ្ឋទាំងអស់ គឺមានការយល់ដឹងច្បាស់លាស់អំពីការគូសសន្លឹក ដែលមានភាពត្រឹមត្រូវទាំងអស់គ្នា ហើយនៅសល់តែមនុស្សពិការភ្នែក មនុស្សចាស់ងងឹតភ្នែក ដែលយើងត្រូវរៀបចំមធ្យោបាយឲ្យគាត់គូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវតែប៉ុណ្ណោះ។
លោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានឱ្យដឹងថា ក្នុងរយៈពេល៦ ថ្ងៃអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ មិនមានបណ្តឹងណាមួយមកពីគណៈបក្សនយោបាយ និងពលរដ្ឋប្តឹងមកតវ៉ានោះទេ ជាពិសេសបណ្តឹងពាក់ព័ន្ធ នឹងជនទុច្ចរិតបន្លំរបៀបគូសសន្លឹកឆ្នោត ធ្វើឲ្យខូចសន្លឹកឆ្នោតជាដើម៕ អត្ថបទ ស៊ុម សុខជា