អង្គការឧតុនិយមពិភពលោក បាននិយាយកាលពីថ្ងៃពុធថា អាកាសធាតុក្តៅខ្លាំងបំផុត កំពុងបង្កភាពវឹកវរនៅទូទាំងតំបន់អាមេរិកឡាទីន ធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃរាប់ពាន់លានដុល្លារ និងបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលនាំឲ្យមានតម្រូវការកាន់តែខ្ពស់សម្រាប់ឥន្ធនៈហ្វូស៊ីល និងបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ជាងមុន ។
យោងតាមរបាយការណ៍អាកាសធាតុរដ្ឋនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបឆ្នាំ ២០២២ បានឲ្យដឹងថា សីតុណ្ហភាពឡើងក្តៅជាមធ្យម ០,២ ភាគរយក្នុងរយៈពេល ១ទសវត្សរ៍ អំឡុងពេលជាង ៣០ឆ្នាំកន្លងមកនេះ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំណត់ត្រា ។

របាយការណ៍នេះ បាននិយាយថា ពេលដែលសីតុណ្ហភាពកើនឡើង ហេតុការណ៍អាកាសធាតុក្តៅបំផុត បានក្លាយជារឿងធម្មតា ជាមួយនឹងផលវិបាកមិននឹកស្មានដល់ដែលបង្កឲ្យកើតមានបម្រែបម្រួលអាកាសធាតុ ។
របាយការណ៍ខាងលើ បានកត់សំគាល់ឃើញថា ភ្លើងឆេះព្រៃនៅទូទាំងតំបន់អាមេរិកឡាទីន កាលពីឆ្នាំមុន បណ្តាលមកពីដីស្ងួត និងរលកកម្តៅក្តៅខ្លាំង នាំឲ្យកើតមានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ឡើងដល់កម្រិតខ្ពស់បំផុត ធ្វើឲ្យសីតុណ្ហភាពកាន់តែឡើងខ្ពស់ ហើយនិងធ្វើឲ្យហានិភ័យកើនឡើងសម្រាប់គ្រោះមហន្តរាយ ។
គ្រោះរាំងស្ងួត និងព្យុះ ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃ ៩ពាន់លានដុល្លារ ត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០២២ ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ បានកំណត់គោលដៅរក្សាការឡើងកម្តៅទាបជាង ១,៥អង្សាសេពីលើកម្រិតមុនឧស្សាហកម្ម ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមសកម្មជន ព្រមានថា វិធានការបន្ថែមទៀត ត្រូវការធ្វើដើម្បីជៀសផុតផលប៉ះពាល់ដ៏អាក្រក់បំផុតដោយសារបម្រែបម្រួលអាកាសធាតុ ៕