UN៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)បានជជែកដេញដោលពីរបាយការណ៍ស្តីពីជម្លោះប្រដាប់អាវុធ និងកុមារចុងក្រោយរបស់ប្រមុខ UN ដែលបច្ចុប្បន្នរួមបញ្ចូលទាំងការបំពានរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្រោយការវាយលុករបស់ពួកគេទៅលើអ៊ុយក្រែន ។

លោកស្រី Virginia Gamba គឺជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ UNសម្រាប់ជម្លោះប្រដាប់អាវុធ និងកុមារ និយាយថា កាលពីឆ្នាំ ២០២២ UNបានធ្វើការផ្ទៀងផ្ទាត់ការបំពានធ្ងន់ធ្ងរបំផុតចំនួន ២៧.១៨០ករណីលើកុមារ នៅទូទាំងពិភពលោក ។
គួរឲ្យដឹងថា ក្រុមអ្នកតំណាងមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានកោះហៅកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងក្រុមជាប់ពាក់ព័ន្ធ សម្រាប់ការសម្លាប់កុមារ ១៣៦នាក់នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Vassily Nebenziaគឺជាអ្នកតំណាងពិសេសរុស្ស៊ីប្រចាំនៅ UNបានច្រានចោលទាំងស្រុងការចោទប្រកាន់បែបនេះ ដោយលោកនិយាយថា លោកខាងលិច និងអគ្គលេខាធិការ UNកំពុងចុះយុទ្ធនាការបង្កើតព័ត៌មានកខ្វក់ ប្រឆាំងនឹងសហព័ន្ធរុស្ស៊ី ។

សូមបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំស្តីពីជម្លោះប្រដាប់អាវុធ និងកុមារ របស់អគ្គលេខាធិការ UNលោក Antonio Guterres ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានរៀបរាប់លម្អិតពីការកាប់សម្លាប់ ការមានពិការភាព ការបំពានផ្លូវភេទ ការចាប់ជម្រិត ឬការចាប់កុមារ ការបដិសេធន៍ពុំព្រមឲ្យជំនួយចូលដល់តំបន់រងគ្រោះ និងការវាយប្រហារមានគោលដៅលើសាលារៀន និងមន្ទីរពេទ្យ ៕