អាមេរិក៖ សមាជិកសភាសហរដ្ឋអាមេរិក លោកស្រី Rashida Tlaib អ្នកប្រជាធិបតេយ្យមកពីរដ្ឋ Michigan បាននិយាយប្រឆាំងនឹងការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ីស្រាអែលនៅសភាជាន់ទាបសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយនៅពេលក្រុមអ្នកប្រជាធិបតេយ្យដទៃទៀត បានសម្ដែងការគាំទ្រដល់អ៊ីស្រាអែល ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាកំពុងបន្តរវាងអ៊ីស្រាអែល និងសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ Gaza។
លោកស្រី Rashida Tlaib ដែលជាកូនស្រីរបស់ជនអន្តោប្រវេសន៍ប៉ាឡេស្ទីន បានចាត់ទុកការប្រព្រឹត្តរបស់អ៊ីស្រាអែលចំពោះជនជាតិប៉ាឡេស្ទីនថា ជាការធ្វើព្រងើយកន្តើយ និងទាមទារឱ្យប្រទេសអ៊ីស្រាអែលត្រូវគោរពច្បាប់សិទ្ធិមនុស្ស។ លោកស្រីបាននិយាយថា ការថ្កោលទោសជាទូទៅនៃការធ្វើពហិការ ការដកខ្លួនចេញ និងការដាក់ទណ្ឌកម្ម (BDS) គឺជាចលនាមួយដែលអំពាវនាវឱ្យប្រជាជន និងប្រជាជាតិធ្វើពហិការ ដកខ្លួនចេញ និងការដាក់ទណ្ឌកម្ម ដែលប្រទេសអ៊ីស្រាអែលបានផ្ញើសារថា "គ្មានការតស៊ូដែលអាចទទួលយកបាន ទៅនិងអំពើហិង្សារបស់រដ្ឋ"។ យោធាបាននិយាយថា កាំភ្លើងធំរបស់អ៊ីស្រាអែលបានវាយប្រហារភាគខាងជើងតំបន់ Gaza កាលពីថ្ងៃសុក្រ ក្នុងគោលបំណងបំផ្លាញបណ្ដាញដ៏ធំនៃផ្លូវរូងក្រោមដី របស់ក្រុមសកម្មប្រយុទ្ធនៅក្នុងទឹកដីនេះ ដែលនាំមកនូវខ្សែជួរមុខកាន់តែខិតទៅជិតតំបន់ស៊ីវិល និងត្រួសត្រាយផ្លូវសម្រាប់ការលុកលុយដែនដីគោក ដែលមានសក្ដានុពល។
អណ្ដាតភ្លើងពណ៌ក្រហមជាច្រើនបានបំភ្លឺមេឃ ខណៈសំឡេងផ្ទុះខ្លាំងពីជាយក្រុងនៃទីក្រុង Gaza បានលាន់លឺ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅពេលក្រុមហាម៉ាស់បានបាញ់រ៉ូក្កែតរយៈចម្ងាយឆ្ងាយនៅក្រុង Jerusalem ក្នុងការគាំទ្រដល់ការតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន និងការខិតខំប្រឹងប្រែងរបស់អ្នកតាំងទីលំនៅជនជាតិជ្វីហ្វ ដើម្បីបណ្ដេញប្រជាជនប៉ាឡេស្ទីនរាប់ពាន់គ្រួសារចេញពីផ្ទះរបស់ពួកគេ។ ចាប់តាំងពីពេលនោះមកប្រទេសអ៊ីស្រាអែល បានវាយប្រហារគោលដៅរាប់រយកន្លែងនៅតំបន់ Gaza បណ្ដាលឱ្យមានការផ្ទុះរំញ័រនៅទូទាំងដែនដី។ ក្រុមសកម្មប្រយុទ្ធនៅតំបន់ Gaza បានបាញ់រ៉ូក្កែតចំនួន ១៨០០គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល៕
អត្ថបទ៖ ប៊ុនថន