កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូង បានចេញធ្វើបាតុកម្មដើម្បីតវ៉ា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។

កាលពីថ្ងៃពុធទី៥ ខែកក្កដា កូរ៉េខាងត្បូងនិយាយថា ខ្លួនគោរពការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់នោះ។
បញ្ហានេះបានកើតមានឡើង បន្ទាប់ពី ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអង្គារថា ការពិនិត្យរយៈពេល២ឆ្នាំ បានបង្ហាញថា ផែនការនានាគឺស្របទៅតាមស្តង់ដាសុវត្ថិភាពសកលហើយមានផលប៉ះពាល់នៃផ្នែកវិទ្យុសកម្មតិចតួចដល់មនុស្សនិងបរិស្ថាន។
អ្នកនយោបាយគណបក្សប្រឆាំង លោកស្រី Lee Jeong-mi កំពុងធ្វើកូដកម្មបង្អត់អាហារនៅខាងក្រៅស្ថានទូតជប៉ុន ក្នុងទីកក្រុងសេអ៊ូល រយៈពេលជាង១០ថ្ងៃ តវ៉ាផែនការរបស់ប្រទេសជប៉ុនដើម្បី បញ្ចេញទឹកសំណល់ជាអ្វីដែលលោកស្រីចាត់ទុកថាជាទឹកមានសារធាតុពុល ចូលទៅក្នុងសមុទ្រ៕