ឧត្តរមានជ័យ៖ ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាងពីរពាន់នាក់ នៅចំណុចបរិវេណវត្តប្រាសាទរាជាសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងពិធីនោះដែរឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកតែងតែមានការជឿជាក់ និងស្រលាញ់គាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សមួយនេះ បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនពេញលេញលើគ្រប់វិស័យ ។
យ៉ាងណាម៉ិញឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលខ្លួនស្រលាញ់ពេញចិត្ត និងជឿជាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត ៕






