ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០% នៃគម្រោងហើយ តាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ។ គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន ។
គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបូមទឹកបាន ៤៦៨ម៉ែត្រគូបក្នុង១ម៉ោង ដោយមានបឹងបម្រុងទុកប្រមាណ ១៩ហិកតា និងសំណង់ប្រព្រឹត្តកម្មសំណល់ភក់ ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។
គម្រោងនេះ មានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញបឹងជើងឯក។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា




