NATO៖ មន្ត្រីជាន់ខ្ពស់អង្គការណាតូមួយរូប បាននិយាយកាលពីថ្ងៃពុធ (៥ កក្កដា)ថា ប្រទេសកូសូវ៉ូ និងស៊ែរប៊ី មិនបានចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងដែលពាក់ព័ន្ធនឹងជនជាតិស៊ែរប៊ីរស់នៅភាគខាងជើងនៃប្រទេសកូសូវ៉ូ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកូសូវ៉ូ និងបុគ្គលិករបស់អង្គការណាតូនោះទេ។

លោក Thomas Goffus ជំនួយការអគ្គលេខាធិការសម្រាប់ប្រតិបត្តិការនៅអង្គការណាតូ បាននិយាយថា "យើងមិនបានឃើញមានការវិវឌ្ឍន៍ឆ្ពោះទៅរកការបន្ថយកំណើនភាពតានតឹងក្នុងប្រទេសនេះនោះទេ" ។
អំពើហឹង្សាបានផ្ទុះឡើងនៅភាគខាងជើងប្រទេសកូសូវ៉ូ បន្ទាប់ពីអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែង ដែលនាំឱ្យមានការប៉ះទង្គិច ព្រមទាំងបង្ករបួសដល់កងកម្លាំងរក្សាសន្តិភាព និងក្រុមបាតុករជនជាតិស៊ែរប៊ី។ ភាពតានតឹងនៅតែមាននៅភាគខាងជើងប្រទេសនេះ ដោយមានកងកម្លាំង KFOR របស់អង្គការណាតូយាមអគារសាលាក្រុងនានា។
អង្គការណាតូបានបង្កើនចំនួនទាហាននៅក្នុងកងកម្លាំង KFOR ហើយបានដាក់កងវរសេនាតូចមួយកងទៀត ក្នុងការត្រៀមប្រតិបត្តិការបន្ទាន់។ កូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែរប៊ីកាលពីឆ្នាំ២០០៨ ហើយទទួលបានការទទួលស្គាល់ពីប្រទេសជាង ១០០ប្រទេស ប៉ុន្តែប្រទេសស៊ែប៊ី ចិន និងរុស្ស៊ីមិនបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសនេះទេ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបភាគច្រើនបានបន្ទោសនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ចំពោះភាពតានតឹង រួមទាំងការតែងតាំងអភិបាលក្រុងជនជាតិអាល់បានី បើទោះបីជាមានពហិការការបោះឆ្នោតដោយជនជាតិស៊ែរប៊ីដែលរស់នៅតំបន់នោះក៏ដោយ៕