ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តចុះជួបផ្ទាល់សមាជិកសមាជិកា ឃុំជើងព្រៃ ប្រមាណជាង ៦០០នាក់ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ។
នៅក្នុងកម្មវិធីកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។
ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ មន្ទីរពេទ្យ សាលារៀន វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយក្តីសង្ឃឹមជឿជាក់។
ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។អាស្រ័យហេតុនេះ យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕





