
ភ្លៀងមូសុងវស្សាដ៏ខ្លាំងក្លា ដែលត្រូវបានគេរំពឹងថានឹងបន្តធ្លាក់រយៈពេលជាច្រើនថ្ងៃទៀត បានបោកបក់លើទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន បង្កការជន់លិចផ្លូវថ្នល់ និងតំបន់រស់នៅរបស់អ្នកស្រុកជាច្រើនកន្លែងនៅក្នុងទីក្រុងមួយនេះ។
គួរឲ្យដឹងថា តំបន់មួយចំនួននៅក្នុងប្រទេសប៉ាគីស្ថាន នៅពុំទាន់ងើបរួចនៅឡើយទេពីការជន់លិចធ្ងន់ធ្ងរកាលពីឆ្នាំមុន។ តាមធម្មតារដូវមូសុងវស្សានៅប៉ាគីស្ថាន ចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែកក្កដា ហើយនិងមានរយៈពេលរហូតដល់ពាក់កណ្តាលខែកញ្ញា។
តំបន់ជាច្រើននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ រងការជន់លិចទាំងស្រុងកាលពីឆ្នាំមុន ដោយសារភ្លៀងធ្លាក់ខ្លាំង និងការរលាយផ្ទាំងទឹកកក គឺជាបាតុភូតមួយពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យខូចខាតដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសម្លាប់មនុស្សយ៉ាងហោច ១.៧០០នាក់។
នាយករដ្ឋឧតុនិយមប៉ាគីស្ថាន និយាយថា ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ដែលត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងរដ្ឋធានី Islamabad ក៏ដូចជានៅតាមទីក្រុង Lahore និងទីក្រុង Peshawar នឹងបន្តបោកបក់ទៅកាន់តំបន់ជាច្រើនទៀតរបស់ប្រទេសមួយនេះ រហូតដល់ថ្ងៃសៅរ៍៕