
ក្រុមប្រជាកសិករមកពីទូទាំងប្រទេសអេស្ប៉ាញ បាននាំគ្នាបើកបរត្រាក់ទ័រតវ៉ានៅទីក្រុង Madrid ដើម្បីប្រឆាំងនឹងកង្វះខាតការផ្តល់មូលនិធិរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់បង្កឡើងដោយសារគ្រោះរាំងស្ងួតរយៈពេលយូរនៅក្នុងប្រទេសមួយនេះ ។
ក្រុមបាតុករទាំងនេះ បានបើកបរត្រាក់ទ័ររបស់ពួកគេ ធ្វើដំណើរឆ្ពោះទៅកាន់ក្រសួងកសិកម្ម និងបានដាក់គ្រោងឆ្អឹងសិប្បនិម្មិតនៅក្នុងក្តារមឈូស ដោយពួកគេនិយាយថា អនាគតតំបន់ជនបទ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បើសិនជាពុំបានចាត់វិធានការជាបន្ទាន់ទេនោះ ។
គួរឲ្យដឹងថា កាលពីខែឧសភា ឆ្នាំមុន ជំនួបគណៈរដ្ឋមន្រ្តីអេស្ប៉ាញ បានឯកភាពលើច្បាប់ព្រះរាជក្រឹត្យ ដែលរួមបញ្ជូលកញ្ចប់ដ៏មានឥទ្ធិពលនៃវិធានការគាំទ្រវិស័យកសិកម្ម ដើម្បីដោះស្រាយស្ថានភាពគ្រោះរាំងស្ងួតរយៈពេលយូរ ។
ក្រសួងបរិស្ថាន និងទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ និយាយថា និទាឃរដូវឆ្នាំនេះ គឺជារដូវក្តៅបំផុត និងស្ងួតបំផុតលំដាប់ទី ២នៅក្នុងកំណត់ប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ១៩៦១រហូតមក ក្នុងនោះសីតុណ្ហភាពខ្ពស់ជាងមធ្យម ទំនឹងជានឹងបន្តកើតមាននៅក្នុងរដូវក្តៅនេះ ៕
