ភ្នំពេញ៖ រថយន្តដងស្ទូចប្រភេទ Kato ស្ទូចសម្ភារៈសំណង់លើសទម្ងន់ រលំលើដំបូលផ្ទះកម្មករ និងទីតាំងស្តុកគ្រឿងសំណង់ របស់ការដ្ឋាន រងការខូចខាត តែសំណាងល្អមិនបង្ករឲ្យមានមនុស្សរងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅការដ្ឋានសាងសងខនដូរ បឹងកក់ តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរការដ្ឋានសាងសង់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តស្ទូចបានស្ទូចសម្ភារៈសំណង់ លើសទម្ងន់ ខណៈកំពុងស្ទូចបាន ផ្ងាជើងរលំ មកសង្កត់លើដំបូលផ្ទះកម្មករបង្កអោយខូចខាតផ្ទះ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុ ឃើញមានវត្តមាន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះមកពិនិត្យមើលទីតាំងការដ្ឋាន ផ្ទាល់ផងដែរ ដោយពុំមានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ គឺខូចខាតតែរបស់ការដ្ឋានផ្ទាល់ តែរថយន្តស្ទូចរលំកណ្ដាលផ្លូវបង្កការកកស្ទះ តែត្រូវបានកម្លាំងអាជ្ញាធរ បញ្ជាអោយយករថយន្តស្ទូចចំនួន២គ្រឿង ដើម្បីមកស្ទូចរថយន្ត Kato ចេញពីកណ្ដាលផ្លូវ ជៀសវាងការកក់ស្ទះចរាចរណ៍បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ កុម្ភះ




