
បេសកកម្មស្វែងរកការពិតបង្កើតឡើងដោយអង្គការសហប្រជាជាតិ(UN) កាលពីថ្ងៃពុធម្សិលមិញ បានជំរុញឲ្យក្រុមអាជ្ញាធរអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតមនុស្សដែលត្រូវបានគេកាត់ទោសប្រហារជីវិតសម្រាប់ការចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានអង្រួនប្រទេសមួយនេះ កាលពីឆ្នាំមុន។
ការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Aminiវ័យ ២២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ ២០២២ អំឡុងពេលស្ថិតក្នុងការឃុំឃាំងរបស់នគរបាលអ៊ីរ៉ង់ បាននាំឲ្យកើតមានរលកបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ធ្វើឲ្យកើតមានការប្រឈមធំបំផុតចំពោះមេដឹកនាំបុព្វជិតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ចាប់តាំងពីពេលនោះមក មនុស្សជាច្រើននាក់ ត្រូវបានព្យួរក.ប្រហារជីវិតសម្រាប់អ្នកចូលរួមភាពរំជើបរំជួល ដែលក្រុមមេដឹកនាំអ៊ីរ៉ង់ បានចោទប្រកាន់សត្រូវលោកខាងលិច ថាជាអ្នកបំផុសបំផុលឲ្យធ្វើបាតុកម្ម។
លោកស្រី Sara Hossain ដែលជាប្រធានបេសកកម្មស្វែងរកការពិតអ៊ីរ៉ង់ បាននិយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា ពួកយើងសូមធ្វើការអំពាវនាវឲ្យក្រុមអាជ្ញាធរអ៊ីរ៉ង់ បញ្ឈប់ការប្រហារជីវិតបុគ្គលដែលត្រូវបានកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងការបាតុកម្ម ហើយលោកស្រី បានបញ្ជាក់ឡើងវិញពីសំណើររបស់របស់ពួកយើង ដើម្បីផ្តល់ឯកសារតុលាការ ភស្តុតាង និងការវិនិច្ឆ័យទោស ពាក់ព័ន្ធនឹងបុគ្គលម្នាក់ៗទាំងអស់នេះ៕