ភ្នំពេញ៖ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងឈានដល់នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងសមាជិកគណៈកម្មាធិការ កណ្ដាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានអំពាវនាវ ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដោយកុំជឿតាម ការឃោសនា បំភ្លៃខុសពីការពិត។
ក្នុងឱកាសចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្ស នៅឃុំជាលា ស្រុកបាធាយ កាលពីព្រឹកថ្ងៃទី៦ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បេក្ខជនតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំង ពីរតែងតែ គិតគូរអំពី សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។
ជាមួយនេះ ឯកឧត្តមបានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយ សង្រ្គោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជា មាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យ ជាច្រើនផ្សេងៗទៀត។
ឯកឧត្តម បានលើកឡើងថា សន្តិភាព និងសមិទ្ធផលជាច្រើនដែលកសាងឡើងដោយសម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្ត ថា បើប្រទេសគ្មានសន្តិភាព យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួម បោះឆ្នោតនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ ដោយ ៖ បូរ៉ាវី




