
ការិយាល័យរបស់លោក Yoon Suk Yeol បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) នេះ ថា ប្រធានាធិបតីរបស់កូរ៉េខាងត្បូងរូបនេះ នឹងទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថាណាតូ (NATO) នៅប្រទេសលីទុយអានី នាសប្តាហ៍ក្រោយ ហើយបន្ទាប់មកនឹងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសប៉ូឡូញ។
បើយោងតាមទីប្រឹក្សាប្រធានសន្តិសុខជាតិ លោក Kim Tae-hyo បានឲ្យដឹងថា លោក Yoon នឹងធ្វើទស្សនកិច្ចនៅទីក្រុងវីលនីញូស (Vilnius) ពីថ្ងៃចន្ទ ដល់ថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំអង្គការណាតូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តសន្តិសុខ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Kim បានប្រាប់នៅឯសន្និសីទសារព័ត៌មានរយៈពេលខ្លីថា លោក Yoon ក៏នឹងមានរៀបចំកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដោយមានគម្រោង ក្នុងការបង្កើតឲ្យមានជំនួប រវាងលោក Yoon និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដើម្បីពិភាក្សាលើបញ្ហានានា ក្នុងនោះអាចរួមបញ្ចូលទាំងបញ្ហានៃផែនការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រ Fukushima របស់ប្រទេសជប៉ុនផងដែរ។
ចេញពីទីក្រុងវីលនីញូស (Vilnius) លោក Yoon នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ និងរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីលោក Andrzej Duda( អាន់ដ្រេច ឌូដា)៕