ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក (ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចជំនាញ បានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដោយសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ( ក១០ ) ដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារ ម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់ ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។ ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាង រួមមាន សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ 52 kg 768.50g , ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g មេតំហ្វេតាមីន(ICE) 11.79 g ។ វត្ថុតាង គ្រឿងញៀន សរុប 70 kg 072.88 g ។ ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕
តារាវុទ្ធី



