
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុង លោក Manasseh Sogavare កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ ដែលនេះជាការបង្ហាញឲ្យឃើញពីការបង្កើនល្បឿននៃការប្រកួតប្រជែង ដើម្បីដណ្ដើមឥទ្ធិពល នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) នេះ ថា លោក Sogavare នឹងធ្វើទស្សនកិច្ចពីថ្ងៃអាទិត្យ ដល់ថ្ងៃសៅរ៍ ពោលគឺចន្លោះថ្ងៃទី ៩-១៥ ខែកក្កដា ដោយនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ នៅទីក្រុងប៉េកាំង និងធ្វើដំណើរទៅកាន់ខេត្តអភិវឌ្ឍន៍ ដូចជាខេត្ត Jiangsu និង Guangdong។
លោក Wang បានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Sogavare នឹង «បន្ថែមសន្ទុះថ្មី» ទៅក្នុងទំនាក់ទំនង និង «ធ្វើឲ្យទំនុកចិត្តខាងនយោបាយកាន់តែស៊ីជម្រៅទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងពង្រឹងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន»។
ការបង្វែរទំនាក់ទំនងការទូតរបស់លោក Sogavare ពីកោះតៃវ៉ាន់ទៅប្រទេសចិន និងការចុះហត្ថលេខា កាលពីឆ្នាំមុននៃកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់ ដែលអាចឃើញកងកម្លាំងចិនឈរជើងនៅក្នុងប្រទេសកោះនេះ បានបង្កើតឲ្យមាននូវសញ្ញាព្រមាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជានៅក្នុងប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់៕