ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនាល្ងាចថ្ងៃទី ០៦ ខែកក្កដាឆ្នាំ ២០២៣ នេះថាជនជាតិចិនម្នាក់ដែលពាក់ព័ន្ធនឹងករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមូលដ្ឋាខណ្ឌពោធិ៍សែនជ័យបង្កការភ្ញាក់ផ្អើលត្រូវបានកម្លាំងនគរបាលជំនាញធ្វើការគាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នាព្រឹកថ្ងៃទី ០៧ ខែកក្កដាឆ្នាំ ២០២៣ ស្អែកនេះ។
គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ ជនជាតិចិនម្នាក់ស្រវឹងបានដកកាំភ្លើងមួយដើមម៉ាក K54 បាញ់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននៅចំណុច បុរីញ៉ថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមិនដឹងជាស្រវឹងមកពីណា បានដកកាំភ្លើងមកបាញ់ឡើងលើនិងឆ្វេងស្តាំជាច្រើនគ្រាប់ តាំងពីម្តុំផ្សារបុរីញ៉ូថោន សង្កាត់ចោមចៅ៣ រួចបានដើរទៅដល់ផ្ទះសំណាក់មួយ យីហោ ភីអេ រួជាហូថេល ភូមិក្បាលដំរី សង្កាត់កាកាប២ ដែលជាកន្លែងស្នាក់នៅរបស់ជនសង្ស័យ ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌបាន បញ្ជារកម្លាំងចេញអន្តរាគមន៍ និងប្រើវិធីសាស្ត្រយកបានជនបង្កនៅវេលាម៉ោងប្រមាណជាង៦ព្រឹក និងវត្ថុតាងរកឃើញ នៅវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃខែឆ្នាំដដែល៕ អត្ថបទ៖ កុម្ភៈ






