ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គិតត្រឹមឆមាសសទី១ ឆ្នាំ២០២៣នេះ បានផ្តល់ប្រាក់កម្ចីឥណទាន មានកំណើនក្នុងរង្វង់ប្រមាណ ១ ៥០០ លានដុល្លារអាមេរិក កើនឡើង ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់បញ្ញើសន្សំបានកើនឡើងក្នុងរង្វង់ ២ ០០០ លានដុល្លារអាមេរិក កើនឡើង ៣.៧ ភាគរយ ។
លោក សុខ វឿន ប្រធានប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើង នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ជុំវិញដំណើរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងពេលបច្ចុប្បន្ន គឺមានសុខភាពល្អប្រសើរប្រកបដោយបរិយាប័ន្ន ដោយបានផ្តល់សេវាហិរញ្ញវត្ថុជាផ្លូវការជូនប្រជាជន និងអាជីវកម្ម ព្រមទាំងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ចំពោះវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានសរុបចំនួន ៥១,៥ ពាន់លានដុល្លារ ដល់អតិថិជន សរុប ៣,៣ លានគណនី ក្នុងនោះគ្រឹះធនាគារបានផ្តល់កម្ចីចំនួន ៤២,២ ពាន់លានដុល្លារ មាន ១,៤ លានគណនី ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់កម្ចី ៨,៨ ពាន់លានដុល្លារ ដោយមានអតិថិជន ១,៩ លានគណនី៕អត្ថបទ៖ សុន រ៉ាឌី
