ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតែងមានការគិត និងរៀបចំផែនការទុកជាមុន សម្រាប់កិច្ចការនីមួយៗ។ ជាក់ស្ដែងសម្រាប់វិស័យសង្គម ដោយផ្តោតលើកម្មវិធីជំនួយសង្គម គឺរាជរដ្ឋាភិបាល ក៏ត្រៀមនឹងអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀតគឺ កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីច្របាច់បញ្ចូលគ្នានៃកម្មវិធីជំនួយសង្គមទាំងអស់។
កម្មវិធីនេះផ្តោតលើក្រុមគោលដៅ រាប់បញ្ចូលទាំង ជនពិការ មនុស្សវ័យចាស់ សិស្ស ក៏ដូចជាស្រ្តីមានផ្ទៃពោះ និងកុមារក្រោម ២ឆ្នាំ ក្នុងគ្រួសារមានបណ្ណសមធម៌។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អាចនឹងអនុវត្តកម្មវិធីជំនួយសង្គមថ្មី ក្នុងឆ្នាំ២០២៤ខាងមុខ។ កម្មវិធីជំនួយសង្គមនេះមានឈ្មោះថា «កម្មវិធីកញ្ចប់គ្រួសារ» ជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ ដែលច្របាច់បញ្ចូលគ្នារាល់កម្មវិធីជំនួយសង្គមទាំងអស់ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ឱ្យមានការគ្របដណ្ដប់ពេញលេញ និងការអនុវត្តកាន់តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។
ឯកឧត្តមបញ្ជាក់ថា កម្មវិធីជំនួយសង្គមថ្មីនេះ គឺមានកម្មវិធីជំនួយសង្គមចំនួន៤ រួមបញ្ចូលគ្នា ក្នុងនោះរាប់បញ្ចូលទាំងស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ជនមានពិការភាព កម្មវិធីសិស្សអាហារូបករណ៍ និងមនុស្សវ័យចាស់ រស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។
ឯកឧត្តម បន្តថាកម្មវិធីជំនួយសង្គមថ្មីនេះ ទោះមានលក្ខណៈអចិន្ត្រៃយ៍ក្ដី តែពុំមានគោលដៅឱ្យអ្នកទទួលផល រស់ពឹងផ្អែកលើជំនួយថវិការដ្ឋនោះទេ។ គោលដៅគឺផ្ដល់ថវិកា និងផ្ដល់ការធានាប្រាក់ចំណូលរបស់ពួកគេ។
ការត្រៀមដាក់អនុវត្តកម្មវិធីជំនួយសង្គមថ្មីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមកញ្ចប់ថវិកាផងដែរសម្រាប់ឆ្នាំដំបូង គឺរាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណជាង ១២០លានដុល្លារ។ នេះជាការបញ្ជាក់ថែមរបស់ប្រតិភូរាជរដ្ឋាភិបាលទទួឡបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម៕អត្ថបទ៖ គឹមហុក