ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំជ្រើសរើសមន្រ្តីបម្រើការិយាល័យបោះឆ្នោតចំនួនជាង ១៤ម៉ឺននាក់ ខណៈមន្រ្តីទាំងអស់នឹងត្រូវបណ្តុះបណ្តាល ដើម្បីធានាអំពីការបោះឆ្នោតខាងមុខប្រកបដោយតម្លាភាព។
ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខិតជិតមកដល់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ដើម្បីអនុវត្តទៅតាមនីតិវិធី និងច្បាប់បោះឆ្នោត នាថ្ងៃទី៩ កក្កដាខាងមុខ គ.ជ.ប នឹងរៀបចំជ្រើសរើសមន្រ្តីបម្រើតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ស្មើនឹងចំនួនជាង ១៤ម៉ឺននាក់ ក្នុងការិយាល័យបោះឆ្នោតសរុបជាង ២ម៉ឺនការិយាល័យ។
ឯកឧត្តម បន្តថា ក្នុងដំណាក់ជ្រើសរើសមន្រ្តីទាំងអស់ត្រូវមានបុគ្គលិកលក្ខណៈស្របតាមការកំណត់ និងនីតិវិធីជាចាំបាច់។
ឯកឧត្តម បញ្ជាក់ថា ក្នុងគោលបំណងធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ គ្រប់មន្រ្តីបម្រើតាមការិយាល័យបោះឆ្នោតនីមួយៗអំលុងថ្ងៃបោះឆ្នោតនោះត្រូវបានត្រួតពិនិត្យបន្ថែមពី គ.ជ.ប ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញកាតព្វកិច្ចរបស់មន្រ្តីទាំងអស់ស្របតាមច្បាប់។ ក្នុងនោះ ប្រសិនមន្រ្តីបម្រើការិយាល័យរូបណាមិនគោរពទៅតាមច្បាប់ និងកិច្ចសន្យារបស់ខ្លួន នឹងត្រូវទទួលពិន័យ ឬបញ្ឈប់ពីការងាររបស់ខ្លួនភ្លាមៗផងដែរ។
ឯកឧត្តម បានបញ្ជាក់ទៀតថា មន្រ្តីបម្រើការិយាល័យបោះឆ្នោតគ្រប់រូបត្រូវបានឆ្លងកាត់ពង្រឹងផ្នែកធនធាន និងសមត្ថភាពច្បាស់លាស់ធ្វើយ៉ាងណាឲ្យការអនុវត្តរបស់មន្រ្តីទាំងអស់ឈរលើស្មារតីមិនលម្អៀង និងអព្យាក្រិតភាពក្នុងតួនាទីរបស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋនឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕
អត្ថបទ សេក ឧត្តម