ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាប់ប្រចាំជានិច្ច ជាពិសេសបន្ថែមទៀតនោះ គឺបងប្អូនពលរដ្ឋដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជំងឺកូវីដ១៩ ត្រូវការជំនួយ និងស្បៀងអាហារ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែ ឧសភានេះ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលសង្កាត់វាលវង់ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន១០០គ្រួសារបន្ថែមទៀត ដែលរងការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវ ២៥គីឡូ ត្រីខ ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ។
សូមបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់បានចែក ស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតជីវភាពក្នុង កំឡុងកូវិត១៩ ចំនួន ២០៧៤គ្រួសារហើយ នៅភូមិ៩+១០+១១ ក្នុងសង្កាត់វាលវង់។ ដោយឡែកចំពោះ ប្រជាពលរដ្ឋនៅ ភូមិ១២(តំបន់បូរីកីឡា) ចាប់ចែកពីអគារ A B C D E F G H គឺបានចែកជូនរួចទាំង៨អគារ ប្រជាពលរដ្ឋដែលទទួល បានទាំង៨ អគារមានចំនួនសរុប ១១៧៦គ្រួសារ។
ក្នុងឱកាសនេះដែរ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់ បានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ នឹងចេះអនាម័យផ្ទាល់ខ្លួន ឱ្យលាងដៃ និងទឹកសាប៊ូ ឬទឹកអាកុលឲ្យបានជាប្រចាំ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ ៖ កុម្ភះ



