ចិន៖ សន្និសិទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៣ (WAIC) បានចាប់ផ្តើមនៅទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមប្រធានបទ «ការតភ្ជាប់ភាពឆ្លាតវៃ បង្កើតអនាគត»។ ដោយកំណត់ពេលធ្វើចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកក្កដា សន្និសីទនេះរួមមានផ្នែកសំខាន់ៗចំនួនបួន៖ សន្និសីទនិងវេទិកា ការតាំងពិព័រណ៍ ការប្រកួតប្រជែង និងការផ្តល់រង្វាន់។

ព្រឹត្តិការណ៍នៅឆ្នាំនេះ មានគោលបំណងបង្ហាញពន្លឺលើមធ្យោបាយដែលកំពុងលេចចេញ សម្រាប់ភាពជឿនលឿនផ្នែកឧស្សាហកម្មនិងបច្ចេកវិទ្យា ជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយនូវបញ្ញាសិប្បនិម្មិត (AI)។ ដោយមានគំរូ AI ជាង៣០ ស្ថិតនៅលើបទបង្ហាញ សន្និសីទនេះស្វែងរកការបង្ហាញពីផលប៉ះពាល់ខ្លាំងដែលគំរូទាំងនេះមាននៅលើឧស្សាហកម្មផ្សេងៗ។ ភ្ញៀវកិត្តិយសជាង ១.៤០០នាក់ បានបញ្ជាក់ពីវត្តមានរបស់ពួកគេ រួមមានទាំងអ្នកឈ្នះរង្វាន់ណូបែល និងពានរង្វាន់ Turing Awards ចំនួនបួនរូប អ្នកសិក្សាជាង៨០នាក់មកពីទាំងប្រទេសចិននិងក្រៅប្រទេស និងស្ថាបនិកសហគ្រាសជាង៥០នាក់ មកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សល្បីៗដូចជាក្រុមហ៊ុន Huawei, Alibaba, Apple និងក្រុមហ៊ុន Tesla ។

សន្និសីទនៅឆ្នាំនេះមានក្រុមហ៊ុនតាំងពិពរណ៍ច្រើនបំផុត និងជាកន្លែងតាំងពិពណ៌ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ដោយលាតសន្ធឹងលើផ្ទៃដី ៥០.០០០ ម៉ែត្រក្រឡាទីកន្លែងនេះនឹងទទួលក្រុមហ៊ុនជាង ៤០០ និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មចំនួន៥០ ដែលបង្ហាញពីឧស្សាហកម្មចម្រុះ រួមទាំងគំរូ AI បន្ទះអេឡិចត្រូនិក មនុស្សយន្ត និងការបើកបរវៃឆ្លាត។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ មក សន្និសិទបញ្ញាសិប្បនិម្មិតពិភពលោកប្រចាំឆ្នាំ បានផ្តោតលើការបង្កើតវេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរលំដាប់ថ្នាក់ពិភពលោក ដោយបង្ហាញពីគំនិតល្អៗរបស់ប្រទេសចិន និងដំណោះស្រាយនវានុវត្តន៍របស់ទីក្រុងសៀងហៃទៅកាន់ពិភពលោក។