បេឡារុស៖ លោកប្រធានាធិបតីបេឡារុស បាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី លោក យ៉េវហ្គេនី ព្រីហ្គូស៊ីន(Yevgeny Prigozhin) បានវិលត្រឡប់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពជាមួយវិមានក្រឹមឡាំង ដែលលោក ព្រីហ្គូស៊ីន យល់ព្រមនិរទេសខ្លួនទៅកាន់ប្រទេសបេឡារុសក៏ដោយ ។

លោកអាឡិចសិនឌ័រ លូកាសិនកូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក ព្រីហ្គូស៊ីន ពេលនេះ កំពុងស្ថិតក្នុងទីក្រុងសេន ភីធើស្បើក (St Petersburg) លោកលែងនៅក្នុងទឹកដីបេឡារុសទៀតហើយ ។
លោក លូកាសិនកូ និយាយថា ក្រុមអ្នកប្រយុទ្ធទាហានស៊ីឈ្នួលវ៉េកណា (Wagner) បានស្នាក់នៅក្នុងជំរំរបស់ពួកគេនៅក្នុងភាគខាងកើតទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រង ដោយបន្ថែមថា សំណើរបស់លោកក្នុងការទទួលស្វាគមន៍ពួកគេនៅក្នុងប្រទេសបេឡារុសនៅតែរក្សាទុកដដែល។
ប្រធានាធិបតីបេឡារុសរូបនេះ បាននិយាយថា លោក Vladimir Putin នឹងមិនបំផ្លាញលោក ព្រីហ្គូស៊ីន ទេ ព្រោះប្រធានាធិបតីរុស្ស៊ី មិនមែនជាមនុស្សគ្មានហេតុ និងចូលចិត្តបំផ្លាញគេនោះទេ ដោយលើកឡើងថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរូបនេះ មានសុវត្ថិភាពពីសេវាសន្តិសុខរបស់វិមានក្រឹមឡាំង។

គួររម្លឹកថា បុគ្គលធ្លាប់បានផ្ដន្ទាទោស លោក ព្រីហ្គូស៊ីន វ័យ៦២ឆ្នាំ ដែលបានក្លាយជាទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី ត្រូវបានគេឃើញមុខជាសាធារណៈកាលពីថ្ងៃទី២៤ខែមិថុនា នៅពេលលោកបានចាកចេញពីទីក្រុង រ៉ូស្ទូវ អនដុន ( Rostov-on-Don) ស្ថិតនៅភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី ដែលកងកម្លាំងរបស់លោកបានចូលកាន់កាប់មួយរយៈពេលខ្លី ៕