កណ្ដាល៖ បណ្តាយុវជន សិស្ស និស្សិត និងពលរដ្ឋមួយចំនួន ប្រឹងប្រែងបង្កើនជំនាញរបស់ខ្លួន តាមរយៈរៀនជំនាញវិជ្ជាជីវៈ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ ដោយជំរុញបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនកន្លែង នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស ដើម្បីផ្តល់ឱកាសសិស្ស និស្សិតក្នុងស្ថិតគ្រួសារជួបការខ្វះខាតនានា និងពលរដ្ឋ ទទួលបានឱកាសរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដើម្បីងាយស្រួលរកការងារ ការបង្កើតមុខរបរ និងការជំរុញកម្រិតជីវភាពគ្រួសារមានការរីកចំរើន។
បើតាមបណ្តាក្រុមសិស្ស ដែលកំពុងរៀបជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែកក្កដានេះថា បច្ចុប្បន្ន ការប្រកបមុខរបរនានាទាំងអស់ គឺសុទ្ធតែត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធ្វើការងារ និងការប្រកបមុខរបរនានានៅក្នុងសង្គម ហេតុដូចនេះ ធ្វើឲ្យយើងទាំងអស់គ្នា បាននាំគ្នាមករៀនជំនាញវិជ្ជាជីវៈឲ្យត្រឹមត្រូវ ដើម្បីទៅធ្វើការងារ និងការបង្កើតមុខរបរ ត្រឹមត្រូវមួយ ហើយអាចរកប្រាក់ចំណូលបានងាយស្រួល និងការជំរុញកំណើនកម្រិតជីវភាពឲ្យរីកចំរើនថែមទៀត។ ពួកគេក៏បានអរគុណរដ្ឋាភិបាលដែលបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើន ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ ជំរុញពលរដ្ឋមានការងារល្អ និងប្រាក់ចំណូលខ្ពស់ តាមរយៈជំនាញវិជ្ជាជីវៈច្បាស់លាស់។
សូមបញ្ជាក់ថា បច្ចុប្បន្នសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET មានទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ភូមិភាគ ផ្តល់ឱកាសអោយយុវជន អាចរៀនបន្តយកជំនាញបច្ចេកទេសវិជ្ជាជីវៈ និងយុវជនបោះបង់ចោលការសិក្សាក៏អាចមករៀនជំនាញវគ្គសិក្សាខ្លីឬវែងបានដែរ ជាក់ស្តែងនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ បច្ចុប្បន្នបានផ្តល់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ មានជាច្រើនជំនាញ រួមមាន៖ ជំនាញអគ្គិសនី ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញភាសាអង់គ្លេស ជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ ជំនាញយន្តសាស្ត្ររថយន្ត សំណង់ស៊ីវិល បសុព្យាបាល គ្រប់គ្រងពាណិជ្ជកម្ម ហើយក្រៅពីនេះ ក៏មានបង្ហាត់បង្រៀនជំនាញថែទាំ និងជួសជុលរថយន្ត ផ្សារអគ្គិសនី ការងារជាងកំបោរ ជំនាញ រក្សាសម្ផស្ស និងសំអាងកាយ និងការផលិតនំជាដើម ហើយសិស្សចាប់ពីថ្នាក់ទី៩ គឺអាចចូលរៀនបានផងដែរ៕ អត្ថបទ ស៊ុម សុខជា