កាណាដា៖ ក្រសួងធនធានធម្មជាតិកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដូវកាលភ្លើងឆេះព្រៃដែលបំបែកកំណត់ត្រារបស់ប្រទេស នឹងនៅបន្តជាបញ្ហាប្រឈម។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដូវភ្លើងឆេះព្រៃឆ្នាំ២០២៣ គឺជារដូវកាលធ្ងន់ធ្ងរបំផុតរបស់ប្រទេសកាណាដាស្រាប់់ហើយ ហើយការព្យាករណ៍បច្ចុប្បន្នបង្ហាញថា ចំណុចនេះ អាចបន្តជារដូវក្តៅដ៏លំបាកដោយសារតែចំហេះព្រៃនៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ។

យោងតាមក្រសួង ការព្យាករណ៍ថ្មីៗបំផុតបង្ហាញពីសក្តានុពលបន្តសម្រាប់សកម្មភាពភ្លើងខ្ពស់ជាងធម្មតានៅទូទាំងប្រទេសភាគច្រើននៅទូទាំងរដូវភ្លើងឆេះព្រៃឆ្នាំ ២០២៣។ នេះគឺដោយសារតែការព្យាករណ៍រយៈពេលវែងសម្រាប់សីតុណ្ហភាពក្តៅ និងគ្រោះរាំងស្ងួតកំពុងបន្ត ដែលកំពុងប៉ះពាល់ដល់ផ្នែកនានានៃខេត្ត និងដែនដីទាំងអស់ និងកាន់តែខ្លាំងនៅ ក្នុងតំបន់ខ្លះ។
សម្រាប់ខែកក្កដា ស្ថានភាពក្តៅ និងស្ងួត នឹងបង្កើនហានិភ័យភ្លើងឆេះព្រៃពខេត្ត British Columbia និង Yukon រហូតដល់ខេត្តLabrador ភាគខាងលិច។ សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា ក្នុងអំឡុងខែសីហា តំបន់ដែលមានហានិភ័យ នឹងលាតសន្ធឹងពីខេត្ត British Columbia ឆ្លងកាត់ខេត្ត Quebec ភាគខាងលិច។

មជ្ឈមណ្ឌលភ្លើងឆេះព្រៃអន្តរទីភ្នាក់ងារនៃប្រទេសកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានភ្លើងឆេះព្រៃសកម្មចំនួន ៦៤៩កន្លៃងនៅទូទាំងប្រទេស ហើយចំនួនភ្លើងឆេះព្រៃ ដែលមិនមានការគ្រប់គ្រងមានចំនួន៣៥៣កន្លៃង។ ចំនួនភ្លើងឆេះព្រៃនៅក្នុងប្រទេសនេះរហូតមកដល់ពេលនេះ បានឈានដល់ ៣.៤៣០កន្លែង ដែលលេបត្របាក់ផ្ទៃដីប្រហែល ៨៨.000គីឡូម៉ែត្រក្រឡា៕