អាមេរិក៖ យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្រុងបានឲ្យដឹងថា មនុស្ស១៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសពុំបានគំរាមដល់អាយុជីវិតនោះទេ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍២ជាន់ បានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងញ៉ូវយ៉កកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងក្រុង Manhattan ។

បង្អួចខាងមុខរបស់រថយន្តក្រុងទេសចរណ៍ TopView ២ជាន់ បានបែករាយប៉ាយនៅក្នុងការបុកគ្នាពីក្រោយរថយន្តក្រុងមួយគ្រឿងផ្សេងទៀត ដែលធ្វើប្រតិបត្តិការដោយ អាជ្ញាធរដឹកជញ្ជូនទីក្រុង ដែលបានកើតឡើងនៅពេលល្ងាចម៉ោង៧ ម៉ោងក្នុងតំបន់នៅភាគខាងកើតក្រុង Manhattan។
យោងតាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញ៉ូវយ៉ក ដែលបានធ្វើសន្និសីទសារព័ត៌មានបានឲ្យដឹងថា រថយន្តក្រុងទាំងពីរគ្រឿង មានមនុស្សជិះច្រើន ដែលនៅក្នុងឧបទ្ទវហេតុនេះមនុស្ស៦៣នាក់ ត្រូវបានជម្លៀសចេញ ដោយបុគ្គលិកពេទ្យ នៅកន្លែងកើតហេតុ។

មន្ត្រីពន្លត់អគ្គិភ័យ បាននិយាយថា អ្នករងរបួសភាគច្រើន បានមុត ដាច់រលាត់ និងមានស្នាមជាំ ទោះបីជាមនសុ្សមួយចំនួនទៀត ត្រូវបានព្យាបាលសម្រាប់ឆ្អឹងដែលសង្ស័យថាបាក់ និងការរងរបួស ក និងក្បាល។