រុស្ស៊ី៖ យោងតាមរបាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនជាច្រើនគ្រឿង និងបានស្ទាក់ចាប់គ្រាប់រ៉ុក្កែត ហ៊ីម៉ាស(HIMARS) ជាច្រើនគ្រាប់ នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត នៃប្រតិបត្តិការសិក នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមរបាយការណ៍បានឲ្យដឹងថា យន្តហោះដែលត្រូវបានបាញ់ទម្លាក់ រួមមានយន្តហោះវាយប្រហារមកលើដី Su-25 ចំនួន២គ្រឿង និងយានដ្រូនចំនួន១៥គ្រឿង។
របាយការណ៍និយាយថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយអាវុធស៊ិបគោលដៅខ្ពស់រយៈចម្ងាយឆ្ងាយមានមូលដ្ឋាននៅសមុទ្រទៅលើកំពង់ផែនៃយុទ្ធោបករណ៍យោធាផលិតដោយបរទេស របស់ប្រទេសអ៊ុយក្រែន និងចំណុចនានា នៃការដាក់ពង្រាយបណ្តោះអាសន្នរបស់ទាហានស៊ីឈ្នួលបរទេស បូករួមទាំងការវាយលុកនៅតំបន់ជួរមុខផ្សេងៗទៀត រួមមានទីក្រុង Kupyansk, Krasny Liman និងDonetsk, Zaporozhye, និងទីក្រុង Kherson ។

នៅថ្ងៃតែមួយនេះដែរ របាយការមកពី នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បានបន្តពង្រឹងកងទ័ពរបស់ខ្លួនក្នុងទីក្រុង Lyman, Bakhmut, Avdeyevka, និងទីក្រុង Marinka ខណៈកងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានវាយប្រហារទៅលើឃ្លាំងគ្រាប់រំសេវរបស់រុស្ស៊ី ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងគោលដៅផ្សេងៗទៀត និងបានវាយប្រហារតាមអាកាសចម្រុះលើទីតាំងនានារបស់កងកម្លាំងរុស្ស៊ី។