អេស្ប៉ាញ៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ដ៏គំហុក បានវាយប្រហារទីក្រុង Zaragozaប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យផ្លូវសំខាន់ៗរងការជន់លិច ហើយរថយន្តបានលិចក្នុងទឹកជំនន់ ។
អ្នកបើកបរមួយចំនួន បានជាប់ខ្លួននៅក្នុងរថយន្តរបស់ពួកគេ ហើយត្រូវបានគេជួយសង្រ្គោះនៅតាមផ្លូវជាច្រើនកន្លែង ដែលរងការជន់លិចនៅទូទាំងទីក្រុង ។

ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មសង្រ្គោះបន្ទាន់ក្នុងតំបន់ ពុំបានរាយការណ៍ពីករណីរងរបួសមនុស្សណាម្នាក់នោះទេ ស្របពេលដែលស្ថិតក្រោមការប្រកាសអាសន្នទឹកភ្លៀងកម្រិតពណ៌លឿងទុំ ។
សេវាកម្មសង្រ្គោះបន្ទាន់និយាយថា រថភ្លើងមួយខ្សែ ដឹកអ្នកដំណើរ ៥០០នាក់ ត្រូវបានបង្ខំបញ្ឈប់សេវាកម្មរបស់ខ្លួន ក្រោយផ្លូវដែករងការជន់លិច ។
ដោយឡែក ក្រុមនគរបាល បានព្រមានអ្នកស្រុកឲ្យជៀសវាងការធ្វើដំណើរដែលពុំចាំបាច់ ហើយមិនត្រូវបើកបរឆ្លងកាត់តំបន់ដែលរងការជន់លិចនោះទេ ៕
