អង់គ្លេស៖ សហជីព RMT បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) ថា បុគ្គលិកផ្លូវរថភ្លើងក្រោមដី នៅទីក្រុងឡុងដ្រ៍របស់ប្រទេសអង់គ្លេស នឹងធ្វើកូដកម្ម ចាប់ពីថ្ងៃទី ២៣-២៨ ខែកក្កដា នៅក្នុងវិវាទដែលអូសបន្លាយពេលដ៏យូរមួយ ជុំវិញប្រាក់សោធននិវត្តន៍ ការកាត់បន្ថយការងារ និងលក្ខខណ្ឌការងារផ្សេងៗ។

អ្នកនាំពាក្យរបស់សហជីព RMT បាននិយាយថា កម្មករជាង ១០.០០០នាក់ មានសិទ្ធិធ្វើកូដកម្ម ប៉ុន្តែការតវ៉ានេះ នឹងប៉ះពាល់ដល់ផ្នែកផ្សេងៗនៃប្រព័ន្ធរថភ្លើងក្រោមដី (Tube) និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅថ្ងៃផ្សេងៗគ្នា។ អគ្គលេខាធិការរបស់សហជីព លោក Mick Lynch បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សកម្មភាពសប្តាហ៍នេះ នឹងបិទប្រព័ន្ធរថភ្លើងក្រោមដីរបស់ក្រុងឡុងដ្រ៍ (London Underground) ហើយត្រឹមតែបង្ហាញថា តើការងាររបស់សមាជិករបស់យើងមានសារៈសំខាន់ប៉ុណ្ណា»។
សូមបញ្ជាក់ថា កម្មករផ្លូវដែកនៅទូទាំងប្រទេសអង់គ្លេស បានធ្វើកូដកម្មរៀងៗខ្លួន ចាប់តាំងពីរដូវក្តៅមុន ដូចនឹងបុគ្គលិករាប់ពាន់នាក់ នៅក្នុងឧស្សាហកម្ម និងវិជ្ជាជីវៈផ្សេងៗទៀតដែរ ដោយសារអតិផរណាឡើងខ្ពស់ ទើបជំរុញឲ្យមានទាមទារប្រាក់ឈ្នួលកាន់តែល្អប្រសើរជាងមុន។
ពាក់ព័ន្ធនឹងការកូដកម្មនេះ លោក Glynn Barton ប្រធានផ្នែកប្រតិបត្តិការសម្រាប់ការដឹកជញ្ជូននៅទីក្រុងឡុងដ្រ៍ បាននិយាយថា៖ «យើងមានការសោកស្ដាយដែលសហជីព RMT បានប្រកាសពីសកម្មភាពកូដកម្មលើបញ្ហាជាច្រើន ដែលយើងបាន និងកំពុងព្យាយាមពិភាក្សាជាមួយអ្នកទាំងអស់គ្នាដោយបើកចំហ»៕

