ជប៉ុន៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)លោក Rafael Grossi បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះថា លោកមានជំនឿចិត្តខ្លាំង ក្នុងការវាយតម្លៃនៃទីភ្នាក់ងាររបស់លោកលើផែនការរបស់ជប៉ុន បញ្ចេញទឹកបន្សាបសារធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ស្របពេលដែលមានការរិះគន់ធ្ងន់ៗ ពីប្រទេសចិន ។
លោក Grossi និយាយថា IAEAមិនឈរតែម្ខាងទៅប្រទេសណាមួយឡើយ ហើយពួកយើងបានធ្វើការវាយតម្លៃតាមបែបវិទ្យាសាស្រ្តលើផែនការមួយនេះ ពោលគឺពុំបានយល់ព្រម ឬផ្តល់សេចក្តីណែនាំចំពោះអ្វីដែលជប៉ុនគួរតែធ្វើនោះទេ ។

លោកបាននិយាយដែរថា លោកបានឮសម្តីអ្នកជំនាញម្នាក់ ឬ២នាក់ ដែលសិក្សាលើផែនការនេះ បង្ហាញក្តីបារម្ភ ប៉ុន្តែលោកជឿជាក់ថា វាមិនមែនជាបញ្ហានោះទេ ហើយរបាយការណ៍របស់ IAEA គឺត្រឹមត្រូវតាមបែបវិទ្យាសាស្រ្ត ។
យោងតាមការអះអាងរបស់ក្រុមឃ្លាំងមើល បានឲ្យដឹងថា ក្រុមការងារដែលបង្កើតឡើងដោយ IAEA កាលពីឆ្នាំ ២០២១ ដើម្បីត្រួតពិនិត្យសុវត្ថិភាពផែនការបញ្ចេញទឹកកាកសំណល់ជាង ១លានតោនពីរោងចក្រនុយក្លេអ៊ែរដែលរងការបំផ្លិចបំផ្លាញដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១នោះ រួមមានទាំអសមាជិកមកពីអាហ្សង់ទីន អូស្រ្តាលី កាណាដា បារាំង កោះ Marshall កូរ៉េខាងត្បូងរុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម ៕
