អ៊ុយក្រែន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសដោះដូរឈ្លើយសឹកចំនួន ៤៥នាក់ ពីភាគីម្ខាងៗ ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញវីដេអូឃើញទាហានរុស្ស៊ី ៤៥នាក់ វិលត្រឡប់ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែនវិញ ។

លោក Andriy Yermak គឺជាប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន និយាយថា ទាហាន ៤៥នាក់ និងជនស៊ីវល ២នាក់ ត្រូវបានវិលត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញ ។
គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកយូរៗម្តង អំឡុងពេលសង្រ្គាមរបស់ពួកគេ ដែលបច្ចុប្បន្នស្ថិតក្នុងខែទី ១៧ទៅហើយ ។
លោក Lubinetsនិយាយថា ទាហានអ៊ុយក្រែន ២.៥៧៦នាក់ បានមានសេរីភាពវិញ នៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ ៕
