ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវចំពោះគ្រប់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទងអស់អនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីអំពាវនាវ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ក្នុងនោះ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆាំ្ន២០២៣ នៅតាមឃុំ-សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅតាមកាលបរិច្ឆេទជាកំណត់៕
