ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១ ដល់ទី១៤ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀតនូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្ដែង នានា។
កិច្ចពិភាក្សានេះក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករ សម្រាប់កំណើនសកលប្រកបដោយចីរភាព និងផ្ដោតលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
កិច្ចប្រជុំនេះ នឹងផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងផ្សេងទៀត ដើម្បីធានាថាអាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ជា “ស្នូលនៃកំណើនសកល»៕

