វេណេហ៊្សុយអេឡា៖ ប្រភពព័ត៌មាន ២ដែលនៅជិតស្និតនឹងបញ្ហានេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា លោក Ivan Marquez ដែលជាមេដឹកនាំដ៏ល្បីឈ្មោះមួយរូបរបស់អតីតក្រុមឧទ្ទាម FARCដែលវិលត្រឡប់មកកាន់អាវុធវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលកូឡុំប៊ីនោះ បានស្លាប់នៅក្នុងប្រទេសវេណេហ៊្សុយអេឡា ។

បើទោះបីជាសមាជិកភាគច្រើនរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC)ត្រូវបានរំសាយក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ដែលបានបញ្ចប់តួនាទីរបស់ FARCនៅក្នុងជម្លោះរយៈពេលជិត ៦០ឆ្នាំនៅក្នុងប្រទេសមួយនេះក៏ដោយ ក្រុមធំៗ ២ទៀតដែលបានជំទាស់នឹងកិច្ចព្រមព្រៀងមួយនេះ នៅតែបន្តជួញដូរគ្រឿងញៀន និងជីករ៉ែខុសច្បាប់ដដែល ។
យោងតាមប្រភពព័ត៌មានសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារមកលើលោក Marquezដែលមានឈ្មោះពិត Luciano Marín Arango អាចត្រូវបានដឹកនាំដោយលោក Ivan Mordisco ដែលជាមេដឹកនាំក្រុមឧទ្ទាមប្រឆាំងមួយទៀត និងជាគូប្រជែងរបស់ក្រុមឧទ្ទាម FARC ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ីលោក Ivan Velasquez បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គេនៅពុំទាន់មានព័ត៌មានផ្លូវការនៅឡើយទេលើការស្លាប់របស់លោក Marquez ៕