UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបាននិយាយថា លោកយល់ពីកង្វល់ស្របច្បាប់របស់អ៊ីស្រាអែលចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែការកើនឡើងភាពតានតឹង មិនមែនជាចម្លើយត្រូវដោះស្រាយបញ្ហានោះទេ ។

បន្ទាប់ពីប្រតិបត្តិសឹកអ៊ីស្រាអែលនៅជំរំជនភៀសខ្លួនក្រុង Jenin ដែលលោកចាត់ទុកថាជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រើប្រាស់ការវាយប្រហារតាមច្រកអាកាស គឺពុំសមស្របនឹងអនុវត្តន៍ការពង្រឹងច្បាប់នោះទេ ។
លោក Guterresនិយាយថា លោកសូមធ្វើការថ្កោលទោសទាំងស្រុងចំពោះគ្រប់សកម្មភាពនៃអំពើហិង្សាមកលើជនស៊ីវិល ដែលរួមទាំងទង្វើភេរវកម្ម ។ ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល និងប្រតិបត្តិការជើងគោកនៅជំរំជនភៀសខ្លួនដែលមានមនុស្សរស់នៅច្រើនកុះករ គឺជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតំបន់វ៉េសប៊ែង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយវាមានផលប៉ះពាល់ខ្លាំងលើជនស៊ីវិល រួមទាំងអ្នករងរបួសជាង ១រយនាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ។

លោកបន្តថា សាលារៀន និងមន្ទីរពេទ្យ រងការខូចខាត បណ្តាញផ្គត់ផ្គង់ទឹក និងចរន្តអគ្គិសនី ត្រូវបានអាក់ខាន ហើយមនុស្សដែលត្រូវការគេជួយ ត្រូវបានរារាំងមិនឲ្យចូលដល់ការជួយសង្រ្គោះ និងការថែទាំសុខភាពចាំបាច់ ៕