ហៃទី៖ បណ្ដារដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងនូវករណីមួយសម្រាប់ការដាក់ពង្រាយកម្លាំងពហុជាតិទៅកាន់ប្រទេសហៃទីកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវសហគមន៍អន្តរជាតិឱ្យ "ចាត់វិធានការបន្ទាន់" សម្រាប់ប្រទេសនេះ។

លោក Guterres បានទៅទស្សនកិច្ចរដ្ឋធានីរបស់ប្រទេសហៃទីកាលពីថ្ងៃសៅរ៍ (១ ខែកក្កដា) ហើយលោកបាននិយាយថា ជំនួយអន្តរជាតិមិនបានបំពេញតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងរបស់ប្រទេសក្រីក្រមួយនេះនោះទេ ព្រមទាំងបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់នគរបាលហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល។
កាលពីប្រាំបួនខែមុន ប្រមុខអង្គការសហប្រជាជាតិរូបនោះ បានស្នើឱ្យប្រទេសមួយឬច្រើនបញ្ជូន "កងកម្លាំងប្រតិកម្មរហ័ស" ដើម្បីគាំទ្រសេវាសន្តិសុខរបស់ប្រទេសហៃទី ប៉ុន្តែមិនទាន់មានកម្លាំងបែបនេះត្រូវបានដាក់ពង្រាយនៅឡើយទេ ខណៈមិនមានប្រទេសណាមួយបានពង្រឹងវិធានការដឹកនាំលើកិច្ចការនេះ៕
