ប៉េរូ៖ ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរូបានចុះបញ្ជីការផ្ទុះថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) ដោយរូបភាពពីវិទ្យាស្ថានភូគព្ភសាស្ត្រ INGEMMET ប្រទេសប៉េរូបានបង្ហាញ ខណៈកង្វល់ពីអ្នកស្រុក និងក្រុមអាជ្ញាធរមូលដ្ឋានមានការកើនឡើង។
វិទ្យាស្ថានភូគព្ភសាស្ត្រ អាជីកម្មរ៉ែ និងលោហៈធាតុ (INGEMMET) បាននិយាយថា ផ្សែងផេះពីភ្នំភ្លើង Ubinas ក្នុងតំបន់ Moquegua ចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ (៧៤៦ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីលីម៉ា (Lima) ហោះឡើងដល់កម្ពស់ ៣.៥០០ម៉ែត្រ ។

យោងតាមក្រុមអាជ្ញាធរ ប្រជាជនប្រហែល២.០០០នាក់ រស់នៅក្នុងតំបន់រងគ្រោះជុំវិញភ្នំភ្លើងនេះ។ អាជ្ញាធរមូលដ្ឋានមិនទាន់បានបញ្ជាឱ្យមានការជម្លៀសចេញនៅឡើយទេ ប៉ុន្តែវិទ្យាស្ថានជាតិការពារជនស៊ីវិលបានចាប់ផ្តើមរៀបចំជម្រកដែលបានសាងសង់ពីមុន និងជំនួយសម្រាប់ការចែកចាយដែលអាចកើតមាន។
កាលពីថ្ងៃពុធ (៥ កក្កដា) រដ្ឋាភិបាលរបស់ប្រទេសប៉េរូបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃសម្រាប់ទីក្រុងមួយចំនួនភាគខាងត្បូងប្រទេស។
តំបន់ភាគខាងត្បូងនៃប្រទេសប៉េរូដែលផលិតទង់ដែង គឺជាទីតាំងសម្រាប់អណ្តូងរ៉ែសំខាន់ៗមួយចំនួនរបស់ប្រទេស ក៏ដូចជាមានភ្នំភ្លើងសកម្មជាច្រើនផងដែរ។ ប្រទេសប៉េរូ ស្ថិតនៅក្នុងតំបន់ "កងភ្លើងប៉ាស៊ីហ្វិក" ដែលជាតំបន់មានឧបទ្ទវហេតុការរញ្ជួយដី និងសកម្មភាពផ្ទុះភ្នំភ្លើងខ្ពស់៕
