បាល់ទាត់៖ ក្រុមបាល់ទាត់ណាហ្គាវើលដ៏ និងក្រុមកងយោធពលខេមរភូមិន្ទបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ បន្ទាប់ពីក្រុមលេខ៤ ឆ្នាំចាស់កងយោធពលខេមរភូមិន្ទវាយបកតាមស្មើ ២-២ នៅចុងម៉ោង។

ជំនួបនាកីឡដ្ឋាន AEU Sport Park នេះ វគ្គទី១ ក្រុមណាហ្គាវើលដ៏ហាក់មានប្រៀបលើក្រុមលោក ហោ សុខហេង ជាមួយការបើកការនាំមុខ ១គ្រាប់មុនដែលធ្វើសម្រេចដោយខ្សែការពារ រៀម ស៊ឹង នៅនាទីទី១៧ មុនមិត្តរួមក្រុមកីឡាករ សុះ ស៊ូហាណា បន្ថែម ១គ្រាប់ទៀតនៅនាទីទី៦៩ ក្នុងវគ្គទី២។ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ ២គ្រាប់មុន ក្រុមកងយោធពលខេមរភូមិន្ទបានព្យាយាមវាយបកកាន់តែខ្លាំង ពិសេសវគ្គទី២ ពួកគេមានឱកាសគ្រប់គ្រងបាល់ច្រើន រហូតដល់ចុងម៉ោង ទើបពួកគេអាចបំប៉ោងសំណាញ់ទីក្រុមលោក មាស ចាន់ណា វិញចំនួន ២គ្រាប់ដោយកីឡាករ Cristiano Santos នៅនាទីទី៨៥ និងកីឡាករ Yuta Kikuchi នៅនាទីទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមកងយោធពលខេមរភូមិន្ទបន្ដឈរលេខ៤ មាន ៨ពិន្ទុបណ្ដោះអាសន្នបន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ២ ស្មើ២ និងចាញ់១ ខណៈក្រុមណាហ្គាវើលដ៏កំពុងឈរលេខ៥ មាន ៧ពិន្ទុក្នុងដៃ តែពួកគេទើបប្រកួតបាន ៤ប្រកួតប៉ុណ្ណោះ ជាមួយលទ្ធផលឈ្នះ២ ស្មើ១ និងចាញ់១៕
អត្ថបទ៖ លី ឈុនឡា