អាមេរិក៖ ក្រុមមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប្រសិនបើវាត្រូវបានបញ្ជាក់ គម្រោងនេះនឹងផ្តល់នូវជំនួយថ្មីដ៏មានអានុភាពដល់ការវាយលុករបស់រដ្ឋធានី គីវ (Kyiv)។ ប៉ុន្តែគម្រោងនេះក៏បានទាក់ទាញការប្រឆាំងរួចហើយ ពីក្រុមសិទ្ធិមនុស្សដែលនិយាយថា សព្វាវុធទាំងនោះសម្លាប់មិនរើសមនុស្សនោះទេ។

សេតវិមានបាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនគឺ "ស្ថិតក្រោមការពិចារណាយ៉ាងសកម្ម" ប៉ុន្តែនៅមិនមានការប្រកាសណាមួយដែលត្រូវធ្វើនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅប្រទេសលីទុយអានី នៅសប្តាហ៍ក្រោយ ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទំនងជាប្រធានបទសំខាន់គ្របដណ្តប់លើការពិភាក្សានោះ។
នៅមុនកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិងកំពុងគាំទ្រដល់ការស្នើសុំចូលជាសមាជិកនៃសម្ព័ន្ធការពារជាតិ របស់ប្រទេសនេះ។
អ៊ុយក្រែនចង់ចូលជាសមាជិកណាតូឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែបណ្ដារដ្ឋជាសមាជិកបានខ្វែងគំនិតគ្នា ថាតើជំហាននោះគួរត្រូវធ្វើលឿនប៉ុណ្ណា។ អ្នកខ្លះបារម្ភថា ចំណាត់ការនេះនឹងធ្វើឲ្យបណ្ដាប្រទេសសម្ព័ន្ធភាពខិតទៅជិតសង្គ្រាមសកម្មជាមួយប្រទេសរុស្ស៊ី៕
