ជប៉ុន៖ ប្រទេសជប៉ុន នឹងប្រារព្ធខួបលើកទី១នៃការស្លាប់របស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃសៅរ៍ (ទី៨ ខែកក្កដា) ពោលគឺការគម្រប់ខួប១ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ ពេលកំពុងធ្វើយុទ្ធនាការ នៅភាគខាងលិចទីក្រុងណារ៉ា (Nara)។

ទោះបីលោកជាឥស្សរជនមានគំនិតពិសេសដាច់ដោយឡែក នៅពេញមួយអាជីពនយោបាយរបស់លោកក៏ដោយ ក៏ការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋពេញលេញ សម្រាប់លោក អាបេ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញនូវភាពចម្រូងចម្រាសផងដែរ ដោយការធ្វើបែបនោះបង្កឲ្យមានការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មូលនិធិរដ្ឋ ដើម្បីចំណាយសម្រាប់កម្មពិធីនេះ។
ការធ្វើឃាតលើលោក Abe បានធ្វើឲ្យមានការបញ្ចេញឲ្យដឹងយ៉ាងច្រើនអំពីទំនាក់ទំនង រវាងសមាជិកសភា នៅក្នុងគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ដែលលោកធ្លាប់ដឹកនាំ និងព្រះវិហារបង្រួបបង្រួម (Unification Church) ដែលក្រុមអ្នករិះគន់ហៅថា លទ្ធិសាសនា ដោយការបញ្ចេញឲ្យដឹងនោះ បានបង្កឲ្យមានប្រតិកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida។

សូមបញ្ជាក់ថា លោកអាបេ (Abe) បានកាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ដោយបានចុះចេញពីតំណែងនៅឆ្នាំ២០២០ ដោយសារហេតុផលសុខភាពមិនសូវល្អ។ មុនពេលលោកទទួលមរណភាព លោកនៅតែមានវត្តមានលេចធ្លោ ក្នុងបក្ស LDP ដោយគ្រប់គ្រងដោះស្រាយជម្លោះដ៏ធំមួយ ក្នុងចំណោមជម្លោះធំៗរបស់គណបក្ស។ លោកអាបេ បានចេញមកពីត្រកូលអ្នកនយោបាយដ៏មានទ្រព្យធនមួយ ដោយឪពុករបស់លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស និងជីតារបស់លោក ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៕
