ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា បានរីកសាយភាយកាន់តែច្រើនឡើងជូនដល់ប្រជាពលរដ្ឋនៅទូទាំងកម្ពុជា ទាំងវិស័យសាធារណៈ និងវិស័យឯកជន រហូតឈានទៅដល់កម្មករនិយោជិតក្រៅប្រព័ន្ធផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស បានមានប្រសាសន៍ថា ឯកឧត្តម បានជំរុញនិងណែនាំឲ្យដៃគូពាក់ព័ន្ធ ត្រូវពង្រីកវិសាលភាពគ្រប់ដណ្តប់ការថែទាំសុខភាពទៅកាន់គ្រួសារសមាជិក ប.ស.ស ទាំងវិស័យសាធារណៈ និងវិស័យឯកជន ក៏ដូចជាបង្កើតយន្តការគាំពារសង្គមចំពោះការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឲ្យចូលទៅក្នុងប្រព័ន្ធជាដើម។ល។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានទទួលស្គាល់ថា បច្ចុប្បន្ននេះ វិស័យសន្តិសុខសង្គមមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកម្ពុជាបានអនុវត្តនូវរបបសន្តិសុខជាច្រើនសម្រាប់សមាជិករបស់ខ្លួន។
តាមឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ហើយ រួមមាន៖ ផ្នែកហានិភ័យការងារ , ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ៕ អត្ថបទ ឈិត បូរ៉ាវី

