
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃសុក្រ (៧ កក្កដា)នេះ ដោយអំពាវនាវឱ្យមានកំណែទម្រង់ទីផ្សារនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ និងព្រមានថាសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តនឹងប្រយុទ្ធប្រឆាំងនូវអ្វីដែលលោកស្រីហៅថាជា <<ការអនុវត្តសេដ្ឋកិច្ចមិនយុត្តិធម៌>> របស់ប្រទេសចិន។
លោកស្រី Yellen ក៏បាននិយាយផងដែរថា លោកស្រីនឹងបញ្ជាក់យ៉ាងច្បាស់ដល់ក្រុមមន្ត្រីចិនថា ទីក្រុងវ៉ាស៊ីនតោនមិនព្យាយាម "បំបែកខ្លួនចេញពីសេដ្ឋកិច្ចរបស់យើងនោះទេ" ប៉ុន្តែនឹងលើកឡើងពីកង្វល់អំពីការប្រើប្រាស់ការឧបត្ថម្ភធនបន្ថែមសម្រាប់សហគ្រាសរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក ដែលជាឧបសគ្គដល់ការចូលទីផ្សារសម្រាប់ក្រុមហ៊ុនបរទេស និង "សកម្មភាពដាក់ទណ្ឌកម្ម" ថ្មីៗប្រឆាំងនឹងបណ្ដាក្រុមហ៊ុនអាមេរិក។
ក្រុមមន្ត្រីអាមេរិកបាននិយាយថា ពួកគេក៏រំពឹងថាលោកស្រី Yellen នឹងលើកឡើងនូវកង្វល់អំពីផលប៉ះពាល់នៃច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិនលើក្រុមហ៊ុនអាមេរិក និងដើម្បីព្រមានទីក្រុងប៉េកាំងអំពីផលវិបាកនៃការផ្គត់ផ្គង់ជំនួយដល់រុស្ស៊ីផងដែរ។
លោកស្រី Yellen បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនអាមេរិក ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំមួយព្រឹកជាមួយអតីតទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចចិនលោក Liu He ( លីវ ហ៊ើ) ដែលជាមនុស្សជិតស្និទ្ធរបស់លោកប្រធានាធិបតី Xi Jinping ។ លោកស្រីគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅពេលក្រោយ៕