
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោកស្រី Nancy Faeserនិយាយថា ប្រទេសរបស់លោកបានធ្វើបំផ្លាញផែនការវាយប្រហារភេរវកម្មរបស់ក្រុមអ៊ីស្លាម ដោយបានចាប់ខ្លួនមនុស្ស ៧នាក់ កាលពីថ្ងៃព្រហស្បតិ៍។
ការធ្វើអត្ថាធិប្បាយរបស់លោកស្រី បានកើតមាន បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអាជ្ញាថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ពីបទសង្ស័យថាបានបង្កើតអង្គការភេរវកម្មដែលមានគោលបំណងបើកការវាយប្រហារលើគោលដៅសំខាន់ស្រដៀងគ្នានឹងក្រុមរដ្ឋអ៊ីស្លាម
ក្រុមរដ្ឋអាជ្ញានិយាយថា ជនជាតិតួកមេនីស្ថាន តាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស្ថាន ដែលត្រូវបានចាប់ខ្លួននៅរដ្ឋភាគខាងលិច North Rhine-Westphalia( ណស រ៉ាញវេសហ្វេលៀ) ប្រទេសអាល្លឺម៉ង់ បានស្គាល់គ្នាជាយូរមកហើយ ហើយបានចូលប្រទេសមួយនេះពីអ៊ុយក្រែន ភ្លាមៗក្រោយពេលសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២២ ។
យោងតាមសេចក្តីថ្លែងការណ៍ពីក្រុងរដ្ឋអាជ្ញា បានឲ្យដឹងថា ពួកគេបានបង្កើតអង្គការភេរវកម្មកាលពីខែមិថុនា ឆ្នាំ ២០២២ ហើយពួកគេបានពិចារណាលើគោលដៅវាយប្រហារនៅក្នុងប្រទេសអាល្លឺម៉ង់ និងបានព្យាយាមទិញអាវុធ ប៉ុន្តែនៅពេលចាប់ខ្លួននោះ ពួកគេពុំទាន់មានផែនការច្បាស់លាស់នោះទេសម្រាប់ការវាយប្រហារ ៕