ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប. បានឲ្យដឹងថា នៅថ្ងៃទី៧ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានប្រព្រឹត្តទៅដោយរលូន និងគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ដែលបានចេញនូវល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះបានលើកឡើងថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះ ឆ្នោត(គធ.ខប) គណបក្សនយោបាយចំនួន២បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្ស សញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងមណ្ដលខេត្តកំពង់ស្ពឺ រីឯគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។
ដំណែកគណបក្សនយោបាយផ្សេងៗទៀត រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររូបរួម ជាតិ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សយុវជនកម្ពុជា និងគណបក្ស កសិករ ត្រូវបានគ.ជ.ប.ប្រកាសថា បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដូចជាការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្សការចាក់មេក្រូផ្សព្វផ្សាយនៅស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ នៅតាមបណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
យ៉ាងណាក៏ដោយស្ថានភាពជារួមត្រូវបានគ.ជ.ប.បញ្ជាក់អះអាងថា«ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាជាដើម»។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាសម្រាប់ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ គឺធ្វើរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣នេះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស៕ ដោយ ៖ បាន ចក់




