ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយបន្ទាប់ពីជំនួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងអ៊ីស្តង់ប៊ុលថា អ៊ុយក្រែនសមនឹងទទួលបានសមាជិកភាពរបស់សម្ព័ន្ធយោធាណាតូ ហើយទីក្រុងអង់ការ៉ា នឹងបន្តធ្វើការលើការចរចាបញ្ចប់សង្គ្រាម។
នៅក្នុងទីក្រុង ប្រាក(Prague) លោក Zelenskiy ទទួលបានការសន្យាចំពោះការគាំទ្រសម្រាប់អ៊ុយក្រែនដើម្បីចូលរួមជាមួយសម្ព័ន្ធយោធាណាតូភ្លាមៗនៅពេលសង្រ្គាមបញ្ចប់ ហើយនៅក្នុងទីក្រុង Sofia ទទួលបានការគាំទ្រសម្រាប់សមាជិកភាពភ្លាមៗនៅពេលដែលលក្ខខណ្ឌអនុញ្ញាត។
លោក Erdogan បាននិយាយផងដែរថា លោកសង្ឃឹមថាកិច្ចព្រមព្រៀងដែលផ្តល់លទ្ធភាពឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅដែលនឹងផុតកំណត់នៅថ្ងៃទី ១៧ ខែកក្កដា នឹង បន្ត។
កាលពីពេលមុន រុស្ស៊ី ធ្លាប់បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ព្រោះតម្រូវការជាច្រើនក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនពុំត្រូវបានបំពេញនោះទេ។
ថ្លែងរួមគ្នាជាមួយលោក Zelenskiy លោក Erdogan បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគីនៅខែក្រោយ។
