អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ក្នុងតំបន់ហ្គាហ្សានឹងបន្តពេញទំហឹង។

លោក Netanyahu និយាយថា ពេលនេះយើងកំពុងចាត់វិធានការទៅតាមស្ថានភាពចាំបាច់ ដើម្បីធ្វើឲ្យមានភាពស្ងៀមស្ងាត់ឡើងវិញ។ ប៉ុន្តែត្រូវចំណាយពេលវេលាយូរ។ ចំណែកក្រុមមន្ត្រីតំបន់ហ្គាហ្សាវិញបាននិយាយថា មនុស្ស ៤២នាក់រួមទាំងស្ត្រី ១៦នាក់ និងកុមារ ១០នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសចុងក្រោយបំផុតរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានបញ្ជាក់ថា មនុស្ស ១០នាក់រួមទាំងកុមារ ២នាក់បានស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតលើអ៊ីស្រាអែល ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍មុន។ យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៅក្នុងតំបន់ហ្គាហ្សាពេលនេះបានកើនឡើងដល់ ១៩៧នាក់រួមទាំងកុមារ ៥៨នាក់ និងស្ត្រី ៣៤នាក់ ព្រមទាំងមនុស្សចំនួន ១,២៣៥នាក់ផ្សេងទៀតរងរបួស។ ចំណែកភាគីអ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានប៉ះចំផ្លូវដ៏មមាញឹកមួយក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីយប់រំលងអធ្រាត្រកាលពីថ្ងៃអាទិត្យ ដែលបានបណ្ដាលឲ្យអគារចំនួន ៣ ដួលរលំ និងមនុស្សរាប់សិបនាក់ស្លាប់។ ក្រុមហាម៉ាស់បានបាញ់ផ្លោងគ្រាប់រ៉ូកែតហ្វូង ចូលទៅតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែលនៅពេលយប់រំលងអធ្រាត្រ និងអំឡុងពេលថ្ងៃត្រង់។ គេបានមើលឃើញ ក្រុមអ្នកសង្គ្រោះកំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់មួយ ហើយក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅពន្លត់អណ្ដាតភ្លើងឆាបឆេះ ចេញពីរថយន្តដែលបានចតនៅតំបន់ភូមិឋានប្រជាពលរដ្ឋរស់នៅក្នុងទឹកដីអ៊ីស្រាអែល។ កាលពីថ្ងៃអាទិត្យដដែល ក្រុមអ្នកសង្គ្រោះបានព្យាយាមជួយមនុស្ស ដែលជាប់ក្រោមកម្ទេចថ្មបែកបាក់នៃអគារមួយ ដែលបានដួលរលំដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕
អត្ថបទ៖ សុខមាន