
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានបំផ្លាញឃ្លាំងអាវុធគីមីចុងក្រោយដែលបានប្រកាសរបស់ខ្លួន ដែលនាំឲ្យឈានទៅរកការបញ្ចប់កិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍មកនេះ ដើម្បីលុបបំបាត់អាវុធដ៏ឃោរឃៅដែលត្រូវបានប្រើប្រាស់លើកដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងសង្គ្រាមលោកលើកទីមួយ។
ជាផ្នែកមួយនៃអនុសញ្ញាអាវុធគីមី ដែលត្រូវបានផ្តល់សច្ចាប័នដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៧ សហរដ្ឋអាមេរិក និងប្រទេសហត្ថលេខីផ្សេងទៀត ត្រូវបានតម្រូវឱ្យបំផ្លាញឃ្លាំងអាវុធគីមីរបស់ពួកគេនៅត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣។
សហរដ្ឋអាមេរិក បាននឹងកំពុងបំផ្លាញឃ្លាំងស្តុកដែលនៅសេសសល់របស់ខ្លួននៅឃ្លាំងផ្ទុកអាវុធគីមី Pueblo របស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងទីក្រុងPueblo រដ្ឋខូឡូរ៉ាដូ(Colorado) និងឃ្លាំងស្តុកអាវុធ Blue Grass Army ក្នុងទីក្រុងរិចម៉ិន( Richmond) រដ្ឋខិនថាក់គី(Kentucky)។