
កម្មករពីរនាក់បានស្លាប់ និងម្នាក់ទៀតនៅបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រ នៅសំណង់អណ្តូងប្រេងឆ្នេរសមុទ្រ គ្រប់គ្រងដោយក្រុមហ៊ុនប្រេងរដ្ឋម៉ិកស៊ិក Pemex ស្ថិតនៅភាគខាងត្បូងឈូងសមុទ្រប្រទេសម៉ិកស៊ិក។
នាយកប្រតិបត្តិក្រុមហ៊ុន Pemex លោកអក់តាវីយ៉ូ រ៉ូម៉េរ៉ូ(Octavio Romero) បានជិះយន្តហោះទៅកាន់ទីតាំងសំណង់នោះ ដើម្បីពិនិត្យការងារដែលត្រូវបានបំផ្លាញ ខណៈទូកជាច្រើនគ្រឿង ដែលនៅក្បែរនោះ បានបាញ់ទឹកពន្លត់ទីតាំងឆាបឆេះដោយទុយោទឹក។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនបានឱ្យដឹងថា មូលដ្ឋាននេះធ្វើប្រតិបត្តិការនៅក្នុងតំបន់ កង់តារែល (Cantarell) របស់ក្រុមហ៊ុន ជាទីតាំងផលិតធំបំផុតរបស់ពិភពលោកដោយមានប្រហែល ១៧០.០០០ បារ៉ែលក្នុងមួយថ្ងៃ។
អគ្គិភ័យបានចាប់ផ្តើមនៅសំណង់ងណ្តូងប្រេង Nohoch-A ហើយបន្ទាប់មកបានរាលដាលទៅដល់មូលដ្ឋានប្រមូលផ្តុំ។
មូលហេតុនៃការឆាបឆេះនៅពុំទាន់ដឹងនៅឡើយ។ ក្រុមហ៊ុនបាននិយាយថា ការផលិតប្រេងបានរងផលប៉ះពាល់ខ្លាំងដោយសារតែអគ្គិភ័យនេះ។